Tag: អ៊ុំ វិចិត្រ
Khmer News
អ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ វិចិត្រ ប្រកាសចាកចេញពីលើទីលានមួយរយៈ ព្រោះហេតុផលមួយ!
កាលពីពេលព្រឹកមិញនេះ អ្នកចាំទីដៃទីមួយរបស់ក្រសួងការពារជាតិ កីឡាករ អ៊ុំ វិចិត្រ បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនអមដោយការសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ចាប់ពីពេលនេះសុំសម្រាកពីទីលានមួយរយៈសិន” ជាមួយនឹងការបង្ហោះសារបែបនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបងប្អូនដែលស្រឡាញ់ និងចូលចិត្តវិស័យកីឡាករបាល់ទាត់បានដាក់ងឿយឆ្ងល់ ថាតើព្រោះមូលហេតុអ្វីបានជា វិចិត្រ បង្ហោះសារបែបនេះ។ តាមរយៈការឆ្លើយឆ្លងជាមួយនឹងក្រុមការងារ ខ្មែរឡូត តាមរយៈបណ្ដាញសង្គម Instagram អ្នកចាំទី អ៊ុំ វិចិត្រ បានប្រាប់ឲ្យដឹងថា ហេតុផលដែលខ្លួនបង្ហោះសារបែបនេះក្នុងគណនី Facebook ដោយសារតែខ្លួនមានបញ្ហារបួសដៃ ដោយត្រូវការពេលវេលាព្យាបាលច្រើនជាងមួយខែ។ វិចិត្រក៏បានបង្ហាញនូវអារម្មណ៍សោកស្ដាយផងដែរ ដែលបានឃ្លាតឆ្ងាយពីលើទីលានម្ដងទៀតដោយសារបញ្ហារបួស។ គួរបញ្ជាក់ផងដែរថា អ៊ុំ វិចិត្រ គឺជាអ្នកចាំទីមួយរូបដែលត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កោះហៅអំឡុងការប្រកួតវគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដោយកម្ពុជា បានយកឈ្នះ ប៉ាគីស្ថាន ទាំងពីរជើងក្នុងលទ្ធផល ៤-១។ ខ្មែរឡូត សូមជូនពរឲ្យ អ៊ុំ វិចិត្រ ឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មកកាន់ទីលានវិញជាមួយក្លិបក្រសួងការពារជាតិ និងបន្តរក្សាតំណែងក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះជុំទីពីរ FIFA World Cup 2022៕
15 Aug 2019
1261 views