Tag: Mixu Paatelainen
Khmer News
លោក Mixu Paatelainen គ្រូក្រុមហុងកុង សរសើរការរៀបចំរបស់ក្រុមកម្ពុជា
លោក Mixu Paatelainen គ្រូបង្គោលក្រុមជម្រើសហុងកុង បានសរសើរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា ដែលមានការរៀបចំល្អមួយរយៈចុងក្រោយនេះ ជាពិសេសមានផែនការ និងយុទ្ធសាស្ត្រលេងច្បាស់។ គ្រូបង្វឹកជនជាតហ្វាំងឡង់យល់ឃើញថា ជំនួបរវាងក្រុមទាំងពីរបើកឆាក FIFA World Cup 2022 នៅថ្ងៃភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញា នឹងប្រកបដោយភាពតានតឹង ព្រោះមើលឃើញពីសមត្ថភាពរបស់ក្រុមម្ចាស់ផ្ទះដែលធ្វើបានល្អ។ អតីតកីឡាករក្លិប Wolverhampton ពន្យល់បែបនេះ ៖”ខ្ញុំពិតជាសរសើរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិ ដែលមានការរៀបចំល្អ។ ឥឡូវពួកគេលេងល្អ មានការរៀបចំច្បាស់លាស់។ បើបច្ចេកទេសវិញ ពួកគេបញ្ជូនបានល្អ មានល្បឿនលឿន គុណភាពប្រយុទ្ធល្អ ហើយពួកគេមានអត្តសញ្ញាតែមួយអ៉ីចឹងទៀត នឹងមានការយល់ចិត្តគ្នាបានល្អ។ សម្រាប់យើង យើងប្រមូលផ្ដុំបានតិចតួច ព្រោះទើបប្រកួតលីគចុងសប្ដាហ៍មុន ហើយកីឡាករខ្លះក៏របួស តែយើងបានរៀបចំអ្នកជំនួសរួចហើយ”។ លោក Mixu បន្ថែមថា កីឡាករកម្ពុជាស្គាល់ទីលានច្រើនជាង តែទោះបីមានការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញតិចថ្ងៃ ប៉ុន្តែពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីរកគ្រាប់បាល់ឲ្យបានច្រើន៕
04 Sep 2019
593 views