លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ Manchester United ចាប់​ពី​រដូវកាល​ថ្មី​ខាង​មុខ​នេះ​ទៅ​ ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នៅ​បន្ត​ជា​មួយ​ក្លឹប​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Telegraph នៅ​ក្នុង​ថ្ងៃ​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

បើ​ប្រភព​ខាង​លើ​ Ten Hag យល់​ថា​ វា​មិន​សម​ហេតុ​ផល​នោះ​ទេ​ដែល​ឲ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​ Ronaldo ចាកចេញ​ពី​ Man Utd ដោយ​កីឡាករ​ព័រទុយហ្គាល់​គឺ​ស្ថិត​ក្នុង​គម្រោង​របស់​លោក​ក្នុង​ការ​ស្ដារ​ក្រុម​បិសាច​ក្រហម​រដូវកាល​ក្រោយ​នេះ​ តែ​យ៉ាង​ណា​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី​នៅ​តែ​មាន​ដដែល​។

បើ​តាម​លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ Man Utd ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា​ តាម​អ្វី​ដែល​លោក​ដឹង​ Ronaldo ប្រាកដ​ជា​បន្ត​ តែ​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី​ក៏​នៅ​តែ​មាន​។

ចាប់​តាំង​ពី​ក្លឹប​ Man Utd មាន​ឱកាស​ច្រើន​មិន​ជាប់​ក្នុង​តារាង​ Top 4 ដែល​មិន​អាច​មាន​កៅអី​ទៅ​លេង​ UEFA Champions League ​ក៏​ដូច​ជា​ការ​មក​ដល់​អ្នកចាត់ការ​ថ្មី​គឺ​លោក​ Ten Hag នឹង​​មាន​ការ​រុះ​រើ​ក្លឹប​ច្រើន​ ដែលធ្វើឲ្យសារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​អនាគត Ronaldo នៅ​ Man Utd នឹង​មិន​ច្បាស់លាស់នៅ​រដូវកាលក្រោយ ដែល​អាច​ចាកចេញ​ពី​ក្លឹបនេះ​​។ យ៉ាង​ណា​មក​ទល់​នឹង​ពេល​បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ ទាំង​ Ronaldo ក៏​ចង់​បន្ត​ រី​ឯ​ Ten Hag ក៏​ចង់​ឲ្យ​បន្ត​ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​នេះ​នឹង​បន្ត​ ខណៈ​កុងត្រា​នៅ​សល់​១ឆ្នាំ​ទៀត​។

នៅ​ក្នុង​រដូវកាល​នេះ​ Ronaldo ចូល​លេង​ឲ្យ​ Man Utd បាន​៣៧ប្រកួត​ និង​ស៊ុត​ចូល​២៤គ្រាប់​៕