Erik ten Hag បាន​និយាយ​​​រំឭក​​ទៅ​កាន់​លោក Pep Guardiola និង Jurgen Klopp ថា លោក​មក​អង់គ្លេស​ដើម្បី​ជួយ​រុញ Manchester United ត្រលប់​មក​កាន់​កំពូល​វិញ។

Erik ten Hag
Erik ten Hag

អ្នក​ចាត់​ការ​របស់ Manchester City និង Liverpool បាន​ចែក​ពាន​​លីគ​គ្នា​នៅ​៥​រដូវ​កាល​ចុងក្រោយ និង​តែងតែ​ឈរ​លើ​ក្លឹប​ផ្សេង​ក្នុង​ Premier League។ Man United គម្លាត​ដល់​ទៅ​៣៥​ពិន្ទុ​ឈរ​​​ពី​ក្រោម​ម្ចាស់​ជើង​ឯក Man City ក្នុង​រដូវ​កាល​នេះ។ ប៉ុន្តែ​អ្នក​ចាត់​ការ​ថ្មី​របស់​បិសាច​ក្រហម​លោក Ten Hag បាន​លើក​ឡើង​ថា លោក​​ត្រៀម​រួចរាល់​ដើម្បី​បញ្ចប់​រជ្ជកាល​​ត្រួតត្រា​ពាន​ក្នុង​ស្រុក​របស់ Pep និង Klopp។

ក្រោយ​ចូល​កាន់​តំណែង​ថ្មី​លោក Ten Hag បាន​និយាយ​ថា ក្នុង​ពេល​​នេះ​លោក​ពិត​ជា​សរសើរ​​ចំពោះ​ទាំង​ពីរ​ក្លឹប Man City និង Liverpool។ ក្រុម​ទាំង​ពីរ​លេង​ពិត​ជា​អស្ចារ្យ​ក្នុង​បាល់ទាត់។ ប៉ុន្តែ​គ្រប់​គ្នា​នឹង​ឃើញ​រជ្ជកាល​នេះ​​ដល់​ទី​បញ្ចប់។ លោក​​កំពុង​ទន្ទឹង​រង​ចាំ​ប្រជែង​ជាមួយ​ពួក​គេ និង​​ធ្វើ​ការ​ជាមួយ​បិសាច​ក្រហម​ជាមួយ​ប្រវត្តិសាស្ត្រ​ដ៏​ធំ។

បុរស​សញ្ជាតិ​ហុល្លង់​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ធ្វើ​ការ​ដើម្បី​ឲ្យ Man United ត្រលប់​មក​រក​ភាព​ជោគជ័យ​របស់​ខ្លួន​វិញ។ Erik ten Hag ត្រូវ​បាន​ Man United តែងតាំង​ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​កាល​ពី​ថ្ងៃ​ទី ២១​ ខែ មេសា ឆ្នាំ ២០២២ ជំនួស​កន្លែង​លោក Ralf Rangnick៕