លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Viaplay Sport នៅ​ក្នុង​ថ្ងៃ​នេះ​បែប​មិន​ពេញ​ចិត្ត​នឹង​អាកប្បកិរិយា​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដើរ​ចេញ​ពី​កីឡាដ្ឋាន​ Old Trafford ទាំង​ប្រកួត​មិត្តភាព​ Pre Season នឹង​ Rayo Vallecano ក្នុង​លទ្ធផល​ ១-១ មិន​ទាន់​ចប់​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។

Erik Ten Hag នឹង Cristiano Ronaldo
Erik Ten Hag នឹង Cristiano Ronaldo

រឿង​រ៉ាវ​លើ​កើត​ឡើង​នេះ​គឺ​ដោយ​សារ​តែ​ Ronaldo បាន​លេង​តែ​១តង់​ក្នុង​ការ​ប្រកួត​ខាង​លើ​ ហើយ​ក៏​ត្រូវ​បាន​ Ten Hag ប្ដូរ​ចេញ​។

ទាក់​ទង​នឹង​សកម្មភាព​ដើរ​ចេញ​នេះ​ Ten Hag បាន​និយាយ​ថា​៖” អាកប្បកិរិយា​នេះ​គឺ​ច្បាស់​ណាស់​មិន​អាច​ទទួល​យក​បាន​តែ​ម្ដង​។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​អ្នក​គ្រប់​គ្នា​ក្នុង​ក្លឹប​ហើយ​ថា​ អាកប្បកិរិយា​បែប​នេះ​គឺ​ពិត​ជា​ទទួល​យក​មិន​បាន​ទេ​។ នេះ​ជា​ក្រុមការងារ​ ជា​ក្រុម​លេង​របស់​យើង​ យើង​ត្រូវ​នៅ​ជា​មួយ​ពួក​គេ​រហូត​ដល់​ចប់​ “។

ចំពោះ​ Man Utd វិញ​ធ្លាប់​បាន​ចេញ​បកស្រាយ​ភ្លាម​ៗ​ហើយ​ថា​ សកម្មភាព​របស់​ Ronaldo ធ្វើ​បែប​នេះ​មិន​ជា​បញ្ហា​ចោទ​នោះ​ទេ​ យ៉ាង​ណា​ចំពោះ​លោក​ Ten Hag បាន​និយាយ​ទៅ​កាសែត​ក្នុង​ថ្ងៃ​នេះ​បែប​មិន​ពេញ​ចិត្ត​នឹង​ខ្សែ​ប្រយុទ្ធ​នេះ​ទៅ​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អនាគត​របស់​ Ronaldo នៅ​ Man Utd គឺ​នៅ​តែ​ស្រពិចស្រពិល​។ ចំពោះ​​​ការ​ប្រកួត​បើក​ឆាក​ PL ​របស់ Man Utd លោក​ Ten Hag នឹង​ដាក់ Ronaldo ជា​កីឡាករ​បម្រុង៕