Thiago សុខចិត្តផ្ដល់ផ្ទះក្នុងទីក្រុង Munich របស់គេឲ្យ Mane នៅ ប្រសិនបើផ្ទេរទៅ Bayern
ខ្សែបម្រើ Thiago Alcantara បានអនុញ្ញាតឲ្យមិត្តរួមក្រុម Liverpool កីឡាករ Sadio Mane ស្នាក់នៅផ្ទះរបស់គេស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ប្រសិនបើផ្ទេរទៅកាន់ក្លឹប Bayern Munich។

ការសម្រេចចិត្តបែបនេះកើតឡើង បន្ទាប់ពី Bayern បានបរាជ័យចំពោះសំណើដំបូងក្នុងទំហំទឹកប្រាក់២៥លានផោនសម្រាប់ Mane ដែលចង់ចាកចេញពី Anfield ក្នុងរដូវក្ដៅនេះ។ Mane វ័យ៣០ឆ្នាំបានប្រាប់ Liverpool គេចង់ចាកចេញពីក្លឹប បន្ទាប់ពីឈានចូលកុងត្រាឆ្នាំចុងក្រោយ។
កីឡាករសញ្ជាតិសេណេហ្គាល់មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅលេងនៅអាល្លឺម៉ង់ជាមួយក្លឹបជើងឯក Bayern Munich។ Bayern បានបរាជ័យការដេញថ្លៃដំបូងរបស់ខ្លួន ដោយដាក់សំណើ២១លានផោន បូកជាមួយប្រាក់លើកទឹកចិត្ត៤លានផោនផ្សេងទៀតឲ្យ Liverpool។
ហើយពេលនេះ Mane ទទួលបានសំណើថ្មីមួយទៀតពីមិត្តរួមក្រុម Thiago។ កីឡាករសញ្ជាតិអេស្ប៉ាញបានផ្ដល់ Mane នូវផ្ទះរបស់គេក្នុងទីក្រុង Munich ដើម្បីស្នាក់នៅ ប្រសិនបើមានការផ្លាស់ទៅកាន់ Bayern។ Thiago ធ្លាប់ចំណាយពេល៧ឆ្នាំលេងនៅ Bayern និងជួយក្រុមឈ្នះពានជាច្រើនមុនផ្ទេរមក Liverpool៕