Tottenham vs Bayern Munich

បញ្ហារបស់ ក្រុម​ Tottenham Hotspur បន្តកើតមាន ដោយពួកគេត្រូវបាន Bayern Munich លត់ ២-៧ ក្នុងការប្រកួតពាន Champions League យប់ថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០១៩។

យប់មិញ ម្ចាស់ផ្ទះ Tottenham Hotspur​ ជាអ្នកបើកការនាំមុខមុនដោយ Son Heung-min ក្នុងនាទីទី១២ តែ៣នាទីបន្ទាប់មក Bayern Munich តាមស្មើដោយ Joshua Kimmich រួច Lewandowski បើកការនាំមុខឱ្យ Bayern វិញក្នុងនាទី៤៥។ អតីតយុវជន Arsenal វ័យ២៤ឆ្នាំ Serge Gnabry រកបាន៤គ្រាប់ម្នាក់ឯងក្នុងនាទី៥៣, ៥៥, ៨៣ និង ៨៨ ខណៈ Lewandowski រកបានគ្រាប់ទី២ក្នុងប្រកួតនេះក្នុងនាទី៨៧។ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រយកគ្រាប់ទី២សម្រាប់ក្រុមលោក Mauricio Pochettino ក្នុងនាទី៦១។

photo of Serge Gnabry
អតីតយុវជន Arsenal វ័យ២៤ឆ្នាំ Serge Gnabry

Tottenham Hotspur ពេលនេះក្លាយជាក្រុមរបស់អង់គ្លេសទី១ដេលរបូត៧គ្រាប់ក្នុងមួយប្រកួតក្នុងពានទ្វីបអឺរ៉ុប តាំងពីក្រោយពេលពួកគេចាញ់ Cologne ៨-០ក្នុងពាន Intertoto Cup ក្នុងឆ្នាំ១៩៩៥មក។

នេះជាបរាជ័យធ្ងន់បំផុតក្នុងអាជីពដឹកនាំរបស់លោក Mauricio Pochettino រួមជាមួយបរាជ័យ៥-០របស់លោកកាលដឹកនាំ Espanyol ប្រកួតទល់ Real Madrid ក្នុងខែមីនាឆ្នាំ២០១២។

Bayern Munich

នេះជាជ័យជម្នះក្រៅផ្ទះធំបំផុតរួមគ្នាទី២របស់ Bayern Munich ក្នុងពានទ្វីបអឺរ៉ុប បន្ទាប់ពីពួកគេលត់ Roma ៧-១ ក្នុងខែតុលាឆ្នាំ២០១៤។

នេះជាលើកដំបូងតាំងពីខែធ្នូឆ្នាំ១៩៩៦មកដែល Tottenham Hotspur របូត៧គ្រាប់ក្នុងប្រកួតផ្លូវការមួយប្រកួត បន្ទាប់ពីចាញ់ Newcastle ៧-១ ក្នុងក្របខ័ណ្ឌ Premier League៕