photo of Tsotlenho Jane
ខ្សែប្រយុទ្ធ Tsotlenho Jane បានប្រកាសចាកចេញពី ភ្នំពេញក្រោន

ខ្សែប្រយុទ្ធ Tsotlenho Jane បានសម្រេចចែកផ្លូវគ្នាជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន ក្រោមហេតុផលចង់ប្រើពេលវេលាឲ្យច្រើនជាមួយជម្រើសជាតិសូឡេតូរបស់ខ្លួន។

Sunny ទម្លាយថា គេចង់ផ្តោតអារម្មណ៍ខ្លាំងលើការជួយប្រទេសកំណើត ក្នុងការប្រកួតនាដើមខែកញ្ញានេះ ស្របពេលក្លឹបនៅកម្ពុជាជិតនិងបញ្ចប់រដូវកាលទៅហើយ។ ដូច្នេះគេក៏បានស្នើសុំបញ្ចប់កុងត្រាតែម្តង។ ឆ្លើយតបបញ្ហានេះ លោក Sean Sainsbury លើកឡើងថា ភ្នំពេញក្រោនក៏នឹងចង់ផ្តល់ឱកាសច្រើនដល់យុវជនក្មេងៗ ដើម្បីបង្ហាញខ្លួនលើទីលាន ទើបសម្រេចឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញតែម្តង។

photo of Tsotlenho Jane
ខ្សែប្រយុទ្ធ Tsotlenho Jane បានប្រកាសចាកចេញពី ភ្នំពេញក្រោន

មុនពេលចាកចេញពីប្រទេសកម្ពុជាកីឡាករ Sunny បានបង្ហាញអារម្មណ៍មួយចំនួនទៅកាន់មិត្តរួមក្រុមក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំសូមជូនពរដល់មិត្តរួមក្រុមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតដែលនូវសេសសល់នាពេលខាងមុខ ពួកគេពិតជាមិត្តរួមក្រុមដ៏អស្ចារ្យសម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំនៅកម្ពុជានេះជាមួយពួកគេ » ។

Sunny បានបញ្ជាក់ទៀតថា៖ « រយៈពេលកន្លងមកដែលខ្ញុំនៅប្រទេសកម្ពុជា ខ្ញុំមើលឃើញថា ប្រជាជនកម្ពុជាពិតជាមានភាពរួសរាយរាក់ទាក់ ចិត្តល្អ ហើយខ្ញុំខ្លួនឯងផ្ទាល់ពិតជាសប្បាយចិត្តណាស់ដែលរស់នៅទីនេះ ព្រោះខ្ញុំបានស្គាល់មិត្តភក្តិថ្មីៗដែលល្អ រៀនសូត្រអំពីប្រពៃណីវប្បធម៌កម្ពុជា ។ នេះវាមិនមែនជាពាក្យលាសម្រាប់ខ្ញុំនោះទេ ខ្ញុំនឹងមកទីនេះម្តងទៀត ព្រោះខ្ញុំមានមិត្តភក្តិច្រើនណាស់នៅទីនេះ ជាចុងក្រោយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀត » ៕

គួរបញ្ជាក់ថា Sunny ជាកីឡាករបរទេសទី២ដែលចាកចេញពីក្លឹបមានមូលដ្ឋាននៅកីឡដ្ឋាន RSN បន្ទាប់ពី Pouya Hossinei ដែលបានចេញកាលពីជិត១ខែមុន។