អ្នក​ចាត់​ការ​ Thomas Tuchel ហាក់​គ្មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន Chelsea អាច​វាយ​បក Real Madrid ​ដើម្បី​មាន​​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ Champions League ឡើយ។

Thomas Tuchel
Thomas Tuchel

Chelsea នឹង​ត្រលប់​​ទៅ​ប្រកួត​ជើង​ទី​ពីរ​ UCL នៅ​ទឹក​ដី​របស់ Real Madrid វិញ​ក្នុង​កីឡដ្ឋាន Bernabeu ក្នុង​រាត្រី​នេះ​ ដែល​ការ​ប្រកួត​នឹង​លេង​នៅ​ម៉ោង​​២​ទៀបភ្លឺ។ កាល​ពី​ជើង​ទី​មួយ​​ក្នុង​​ទីក្រុង​ឡុងដ៏​ Madrid បាន​យក​ឈ្នះ Chelsea ដល់​ទៅ ៣-១។ ៣​គ្រាប់​របស់ Real ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema។

Real Madrid បច្ចុប្បន្ន​ជា​ក្រុម​មាន​ទម្រង់​លេង​ល្អ និង​កំពុង​ឈរ​កំពូល​តារាង​ La Liga។ ការ​រក​បាន​៣​គ្រាប់​សម្រាប់ Chelsea ដើម្បី​វាយ​បក​ឈ្នះ Real លោក Tuchel គិត​ថា​ មិន​មែន​ជា​រឿង​ងាយ​ឡើយ។ មុន​ការ​ប្រកួត​យប់​នេះ​​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា Chelsea មិនមាន​ឱកាស​​ល្អ​ច្រើន​ទេ ព្រោះ​តែ​លទ្ធផល​កាល​ពី​ជើង​ទី​មួយ។ វា​ពិត​ជា​ទំនង​មិន​អាច​វាយ​បក​បាន​ទេ ប៉ុន្តែ​​ពួក​យើង​នឹង​ព្យាយាម​ដើម្បី​អ្នក​គាំទ្រ។

បញ្ជាក់​ថា Chelsea គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ដោយ​រដូវ​កាល​មុន​ពួក​គេ​បាន​យក​ឈ្នះ Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លទ្ធផល ១-០។ ហើយ​​ពួក​គេ​បាន​ទម្លាក់ Real Madrid ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ មុន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕