Tuchel ថា Chelsea មិនដឹងរំពឹងអ្វីទៀតទេគឺចប់ត្រឹមវគ្គ៨ក្រុមនឹងហើយ
អ្នកចាត់ការ Thomas Tuchel បាននិយាយថា Chelsea អស់ឱកាសត្រឹមវគ្គ៨ក្រុមចុងក្រោយនេះហើយ ក្រោយប្រកួតចាញ់ Real Madrid ដល់ទៅ៣-១ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ធ្វើបាន Hat-Trick ជួយឲ្យ Real ចំណេញច្រើនសម្រាប់ការត្រលប់ទៅលេងនៅទឹកដីអេស្ប៉ាញវិញសម្រាប់ជើងទៅពីរ។ សាកសួរតើ Chelsea នៅមានសង្ឃឹមទេ? Tuchel ដែលដឹកនាំតោខៀវឈ្នះ Champions League កាលពីរដូវកាលមុនបានឆ្លើយតបថា នៅពេលនេះគឺគ្មានសង្ឃឹមទៀតទេ។
“ពួកយើងបានស្វែងរកកម្រិតលេងរបស់ពួកយើងត្រលប់មកវិញ ចាប់តាំងពីសម្រាក។ ខ្ញុំពិតជាបារម្ភបន្ថែមទៀតសម្រាប់ការលេងជាមួយ Southampton ក្នុងសប្ដាហ៍នេះណាស់។ ពិតជាមិនអាចរំពឹងអំពីលទ្ធផលចេញពីការប្រកួតបែបនេះទេ។ ពួកយើងត្រូវការ៣គ្រាប់ដើម្បីឈ្នះ តើរឿងនេះកើតឡើងដូចម្ដេចទៅ?” សម្ដី Tuchel។
ការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយ Champions League រវាង Chelsea និង Real Madrid ត្រូវលេងនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២៕