U-16 កម្ពុជា ចប់ភារកិច្ចនៅឥណ្ឌូណេស៊ី ដោយបន្ដចាញ់ក្រុមម្ចាស់ផ្ទះ ៤-០

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីហើយ ខណៈការប្រកួតបង្គ្រប់កិច្ចចុងក្រោយ បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ U16 ឥណ្ឌូនេស៊ី ដោយលទ្ធផល ៤-០ នៅកីឡដ្ឋាន Gelora Delta Stadium កាលពីយប់មិញ។
ក្រុមកម្ពុជាបានជ្រុះចេញពីព្រឹត្តិការណ៍ខាងលើត្រឹមវគ្គសន្សំពិន្ទុតាមពូល A ដោយរកបានត្រឹម ៣ ពិន្ទុក្នុងចំណោម ៥ ប្រកួតគឺឈ្នះ១ចាញ់៤។ ប្រកួតចុងក្រោយរបស់ U16 កម្ពុជាយប់មិញគឺចាញ់ក្រុមម្ចាស់ផ្ទះធ្ងន់ក ៤-០។


សម្រាប់ប្រកួតទី៥ ក្នុងពូលនេះ ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបានក្រុមម្ចាស់ផ្ទះបំប៉ោងសំណាញ់ ៤គ្រាប់តែម្ដង នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Amiruddin Bagus Kahfi Al-Fikri ៣គ្រាប់ និងកីឡាករ Rendy Juliansyah។ ប៉ុន្ដែតង់ទី២ ឥណ្ឌូនេស៊ីហាក់មិនសូវដាក់សម្ពាធលើកម្ពុជានោះទេ ព្រោះពួកគេបានកក់កៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្ររួចទៅហើយ តែកម្ពុជាក៏ព្យាយាមវាយបកណាស់ដែរ តែមិនមានការស៊ុតបញ្ចូលទីគ្នាបន្ថែមឡើយ។
គួរឲ្យដឹងថា ក្រុម U16 កម្ពុជា នឹងមកដល់ទឹកដីកំណើតវិញនៅថ្ងៃស្អែកនេះវេលាម៉ោង ៥:៣០ នាទី ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ AFF U-16 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី។
