ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯក៦សម័យកាល ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា បាន​សម្រេច​បញ្ជូនក្រុមកីឡាករយុវជនថ្នាលរបស់ខ្លួន គឺអាយុក្រោម១៤ឆ្នាំ (U14) ទៅប្រកួតក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ ​នៅ​ប្រទេសថៃ ដែលមានក្រុមមកពីបណ្តាប្រទេសជាច្រើនចូលរួម។

photo of U14 ភ្នំពេញក្រោន
U14 ភ្នំពេញក្រោន ចេញទៅប្រកួតដណ្ដើមពានយុវជន នៅប្រទេសថៃ ស្អែកនេះ

ពានរង្វាន់ដែលក្រុមកីឡាករអាយុក្រោម១៤ឆ្នាំ របស់ភ្នំពេញក្រោន គ្រោងនឹងចូលរួមប្រកួតមានឈ្មោះថា CP-Meiji Cup U-14 International Champions 2018 ដែលជាការផ្តួចផ្តើមគំនិតឡើងពីក្លិបយក្ស Buriram United របស់ថៃ។ ការប្រកួតនឹងចាប់ផ្តើមជាផ្លូវការ នាថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Chang Arena។

នៅឆ្នាំនេះ មានក្រុមចូលរួមចំនួន៦ក្រុម របស់ប្រទេសថៃ Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd, Bangkok Utd មាន២ក្រុម មកពីប្រទេសជប៉ុន Fagiano Okayama និងក្រុម Jubilo Iwata ១ក្រុមមកពីប្រទេសម៉ាឡេស៊ី NFDP Malaysia ហើយ១ក្រុម មកពីប្រទេសកាតា Aspire Academy និងទីក្រុងហុងកុង Kitchee SC។

យោងតាមការចាប់ឆ្នោតកាលពីពេលថ្មីៗ ក្រុមរបស់កម្ពុជា មួយនេះ ស្ថិតនៅក្នុងពូលជាមួយក្រុម Buriram Utd និងក្រុម Nongbua Pitchaya FC របស់ប្រទេសថៃ៕