U18 កម្ពុជា
U18 កម្ពុជា

ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បានរកឃើញជ័យជម្នះដ៏ត្រចះត្រចង់ លើក្រុមខ្លាំងក្នុងស្រុក ដោនថោនស្ព័ត នៅក្នុងការប្រកួតមិត្តភាព កាលពីយប់ថ្ងៃពុធ ម្សិលមិញ ហើយក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ (U18កម្ពុជា) ក៏បានយកឈ្នះក្រុម U18 Fukushima របស់ជប៉ុន ផងដែរ។

photo of ហ្វុតសាលជម្រើសជាតិ
ហ្វុតសាលជម្រើសជាតិ 14-3 ដោនថោនស្ព័ត

សម្រាប់ការប្រកួត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ (ច្រកចូលវត្តសំពៅមាស) កាលពីយប់ថ្ងៃពុធនោះ ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា ដែលនៅសល់សមាជិកត្រឹម ១៦នាក់នោះ បានលត់ក្រុមម្ចាស់ជើងឯកហ្វុតសាលថ្នាក់ជាតិ ដោនថោន រហូតដល់ ១៣-៤។

photo of U18កម្ពុជា
U18កម្ពុជា 1-0 U18 Fukushima

លទ្ធផលដ៏ល្អនេះ បានជួយឲ្យក្រុមហ្វុតសាលកម្ពុជា អាចស្តារទំនុកចិត្តចំពោះអ្នកគាំទ្រ បានឡើងវិញខ្លះ បន្ទាប់ពីពួកគេបានចាញ់ក្រុមហ្វុតសាលលីកកំពូលថៃ ទាំង៣ប្រកួតជាប់ៗគ្នា គឺចាញ់ក្រុម Rachanavy FC ៥-១ ចាញ់ក្រុម Samumsakhon University ៤-១ និងបន្តចាញ់ក្រុម Bangkok City FC ៩-១ ក្នុងការចេញទៅហ្វឹកហាត់ នៅថៃ កាលពីពេលថ្មីនេះ។

photo of U18 Fukushima
U18 Fukushima

យ៉ាងណាក៏ដោយនេះគ្រាន់តែជាការប្រកួតដកស្រង់បច្ចេកទេសប៉ុណ្ណោះ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ដោយក្នុងនោះ កម្ពុជា ឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈពូលB មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។

ដោយឡែកក្រុមU18កម្ពុជា ក៏ទទួលបានភាពរីករាយ សម្រាប់ការប្រកួតមិត្តភាព នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធម្សិលមិញនោះដែរ ព្រោះពួកគេបានយកឈ្នះក្រុម U18 Fukushima របស់ជប៉ុន ១-០ ហើយលទ្ធផលនេះបានធ្វើឲ្យការប្រកួត ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុននេះ បានបញ្ចប់ដោយមានន័យ និងប្រកបដោយភាពសប្បាយរីករាយ៕