U18 សាលាបាល់ទាត់បាទី ប៉ះ Fukushima របស់ជប៉ុន នៅរសៀលថ្ងៃពុធនេះ

ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំ ខេត្ត Fukushima (U18) របស់ប្រទេសជប៉ុន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីប្រកួតមិត្តភាពអន្តរជាតិចំនួន២លើកនៅរាជធានីភ្នំពេញ ពោលគឺត្រូវប៉ះជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំនិងក្រុមរបស់ក្រុមវិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា។
ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំមកពីខេត្ត Fukushima ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី នៅវេលាម៉ោង៥ល្ងាចថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ប្រកួតនេះបានបើកឱ្យមហាជនចូលរួមទស្សនាដោយសេរី ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។

គោលដៅនៃការរៀបចំការប្រកួតនេះ គឺធ្វើឡើងដើម្បីជាការរំឭកដល់ខួបចំណងទំនាក់ទំនងការទូត៦៥ឆ្នាំរវាងកម្ពុជា និងប្រទេសជប៉ុន។ ចំណែកប្រកួតបន្ទាប់ក្រុម U18 Fukushima ត្រូវបន្តជួបក្លិបវិសាខា នៅវេលាម៉ោង៥ល្ងាចដូចគ្នានៅថ្ងៃសុក្រ ទី២ វិច្ឆិកា លើទីលានជាមួយគ្នា ខណៈប៉ុស្តិ៍ BTV News ទទួលសិទ្ធិផ្សាយផ្ទាល់ពីការប្រកួតនេះផងដែរ៕