UEFA នឹងបើកកិច្ចប្រជុំបន្ទាន់ សម្រេចប្ដូរទីតាំងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រចេញពីប្រទេសរុស្ស៊ី
UEFA បានធ្វើការចេញប្រកាសនៅក្នុងថ្ងៃនេះ ដោយបានសម្រេចនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ស្អែក ក្នុងការសម្រេចប្ដូរទីតាំងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ដែលគ្រោងនឹងធ្វើនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

ទាក់ទងនឹងការសម្រេចប្ដូរទីតាំងប្រកួត Champions League ចេញពីប្រទេសរុស្ស៊ី UEFA ត្រូវបានមហាជន ក៏ដូចជាអង្គភាពពីបណ្ដាប្រទេសតូចធំនានា ដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតនេះចេញតាំងពីស្ថានភាពតឹងតែងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនចាប់ផ្ដើមមានការតានតឹងខ្លាំងកាលពីពេលថ្មីៗនេះមកម្ល៉េះ យ៉ាងណាខាង UEFA ក៏បានឆ្លើយតបវិញកាលពីថ្ងៃអង្គារកន្លងនេះថា មិនមានគម្រោងប្ដូរ ដោយតាមដានមើលស្ថានភាពសិន។
លើសពីនេះ UEFA ក៏បានរងសម្ពាធមួយរឿងទៀតដែរ ទាក់ទងនឹងមហាជនបានដាក់សម្ពាធឲ្យ UEFA ផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីគឺ Gazprom ដែលជាម្ចាស់ឧបត្ថម្ភក្នុងការរៀបចំកម្មវិធី ប្រកួតផ្ដាច់ព្រ័ត្រ UCL ក៏ដូចជា UEFA Nations League ផងដែរ។
យ៉ាងណាក្រោយ រុស្ស៊ីបានបើកប្រតិបត្តិការពិសេសវាយចូលទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងថ្ងៃនេះ UEFA ក៏បានសម្រេចចិត្តកោះហៅគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដើម្បីប្រជុំបន្ទាន់ ដើម្បីសម្រេចចិត្តក្នុងរឿងអស់ទាំងនេះក្នុងថ្ងៃស្អែកនេះ។
បើយោងតាម Daily Mail ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ UCL អាចនឹងផ្លាស់មកអង់គ្លេស ដោយអាចនឹងធ្វើនៅទីលាន Wembley ឬក៏ Tottenham ឬក៏អាច West Ham ក៏ថាបាន៕