UEFA បើកការស៊ើបអង្កេតលើ Fan អង់គ្លេសដែលបានបាញ់ Laser ដាក់ភ្នែក Schmeichel ក្នុងពេលប៉េណាល់ទី
UEFA បានបើកការស៊ើបអង្កេតទាក់ទិននឹងករណីអ្នកគាំទ្រអង់គ្លេស ដែលបានធ្វើការបាញ់ Laser ដាក់ភ្នែកអ្នកចាំទី Kasper Schmeichel នៅខណៈពេលត្រៀមចាប់បាល់ប៉េណាល់ទី ក្នុងប្រកួត Euro 2020 រវាងអងគ្លេស និងដាណឺម៉ាកនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Sky Sports ។
នៅក្នុងខណៈពេល Schmeichel ត្រៀមចាប់បាល់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅក្នុងពេលប៉េណាល់ទីខាងលើនេះ ក៏ស្រាប់តែអ្នកគាំទ្ររបស់អង់គ្លេសបានបាញ់ Laser ពណ៌បៃតង រហូតដល់មានអ្នកថតបាន ហើយក៏ត្រូវសារព័ត៌មានជាច្រើនចុះផ្សាយព្រោងព្រាតពីអំពើមិនគប្បីនេះ រហូតធ្វើឲ្យ UEFA បើកការស៊ើបអង្កេត។
ទោះជាមានការរំខានពីសំណាក់អ្នកគាំទ្រអង់គ្លេសបែបនេះក្ដីក៏ Schmeichel នៅតែអាចចាប់បាល់ប៉េណាល់ទីនេះបាន តែជាអកុសល Kane រត់ទៅបន្ថែមរហូតដល់ចូល ដែលជាលទ្ធផលធ្វើឲ្យអង់គ្លេសឈ្នះក្នុងលទ្ធផល ២-១។
គួរបញ្ជាក់ផងដែរខាង UEFA មិនត្រឹមតែស៊ើបអង្កេតស្វែងរកអ្នកគាំទ្រអង់គ្លេសដែលបានបាញ់ Laser ដាក់ភ្នែកអ្នកចាំទីខាងលើនោះទេ ដោយខាងស្ថាប័ននេះក៏បើកការស្វែងរកអ្នកគាំទ្រអង់គ្លេសដទៃទៀត ដែលបានរំខាននៅក្នុងពេលគោរពភ្លេងជាតិ និងបាញ់កាំជ្រួចលេងនៅក្នុងប្រកួតខាងលើនេះ៕