UEFA អាចនឹងគិតគូរប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ចេញពីរុស្ស៊ី
UEFA ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាចនឹងគិតគូរពិចារណាប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ចេញពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។

នៅក្នុងថ្ងៃនេះ UEFA ផ្ទាល់បានចេញសេចក្ដីប្រកាសថា នៅខណៈនេះមិនមានផែនការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅឡើយទេ តែស្ថាប័ននេះនឹងបន្តតាមដានឃ្លាំមើលស្ថានការណ៍វិបត្តិតានតឹងរវាងប្រទេសទាំងពីរនេះទៀត។
យ៉ាងណាការសម្រេចរបស់ UEFA នេះត្រូវបានមតិស្ថាប័នពីបណ្ដាប្រទេសផ្សេងៗដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតខាងលើចេញភ្លាម ដោយនៅក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីកីឡារបស់ប្រទេសអង់គ្លេស ក៏ទទូចឲ្យប្ដូរកន្លែងប្រកួតចេញពីប្រទេសរុស្ស៊ីនេះភ្លាមៗផងដែរ។
ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែននៅតែកើនឡើង ក៏ដូចជាការដាក់សម្ពាធពីមហាជនតូចធំពីប្រទេសជាច្រើន UEFA អាចនឹងពិចារណាក្នុងការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនេះ។
សូមរំលឹកផងដែរថា ការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅប្រទេសព័រទុយហ្គាល់ ២ឆ្នាំជាប់គ្នាហើយគឺឆ្នាំ២០២០ និង២០២១ ដោយសារតែប្រទេសនេះមានលក្ខណៈងាយស្រួលដល់ UEFA រៀបចំការប្រកួតនេះក្នុងកំឡុងពេលកូវីដ-១៩នេះ៕