ខ្សែ​ការពារ​សញ្ជាតិ​អ៊ុយក្រែន​​របស់​ Everton កីឡាករ Vitaliy Mykolenko បាន​​ទម្លាយ​ឲ្យ​ដឹង​ថា មិត្តរួម​ក្រុម Donny van de Beek បាន​​ផ្ដល់​ជូន​ផ្ទះ​មួយ​​កន្លែង​ឲ្យ​ជនភៀសខ្លួន​​​មក​ពី​ប្រទេស​របស់​គេ​​ស្នាក់​នៅ​។

Donny van de Beek
Donny van de Beek

ខ្សែ​ការពារ​ឆ្វេង​ដែល​ Everton ទិញ​ពី​ក្លឹប Dynamo Kyiv កាល​ពី​ខែ​មករា​ត្រូវ​បាន​ក្លឹប​ផ្ដល់​ពេល​ឲ្យ​សម្រាក បន្ទាប់​ពី​ប្រទេស​រុស្សី​​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​។ ហើយ Mykolenko បាន​ប្រាប់​សារព័ត៌មាន​ថា តារា​របស់​ហុល្លង់ Van de Beek ដែល​ខ្ចី​ជើង​ពី​ក្លឹប Manchester United បាន​និយាយ​ថា គេ​នឹង​ចេញ​ថ្លៃ​ជួល​ផ្ទះ​មួយ​កន្លែង​ឲ្យ​ជនភៀសខ្លួន​អ៊ុយក្រែន។

Mykolenko បន្ថែម​ថា គ្រប់​គ្នា​​​នៅ​ Everton បាន​ដើរ​មក​កាន់​គេ​ហើយ​សួរ​សុខទុក្ខ​អំពី​គ្រួសារ​និង​មិត្ត​របស់​គេ។ នៅ​ថ្ងៃ​បន្ទាប់​គ្រូ​បាន​ដើរ​មក​កាន់​គេ​នឹង​ប្រាប់​ប្រសិន​ចង់​សម្រាក​ អាច​សម្រាក​បាន។ គេ​ពិត​ជា​រីករាយ​​ចំពោះ​ក្លឹប​សម្រាប់​ការ​គាំទ្រ​​គ្រប់​យ៉ាង។ ក្នុង​នោះ Donny van de Beek បាន​ប្រាប់​ Mykolenko ថា គេ​ចង់​ជួល​​ផ្ទះ​មួយ​កន្លែង​សម្រាប់​ប្រជាជន​ភៀសខ្លួន​​អ៊ុយក្រែន​មិន​ថា​នៅ​ហុល្លង់​ឬ​ប៉ូឡូញ​ទេ៕ 

Mykolenko ដែល​ធ្លាប់​បង្ហាញ​ខ្លួន​២១​ប្រកួត​ឲ្យ​ជម្រើសជាតិ​អ៊ុយក្រែន​​សង្ឃឹម​ថា​​អាច​បង្ហាញ​ខ្លួន​ជា​លើក​ទី​៤​នៅ Premier League ដោយ Everton ត្រៀម​ជួប​ជាមួយ West Ham នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕