ខ្សែ​បម្រើ​ Marco Verratti ត្រូវ​បាន​ចោរ​ប្លន់​គ្រឿងអលង្ការ​ និង​លុយ​ ខណៈ​ពេល​ស្នាក់​លំហែ​កាយ​នៅ​ផ្ទះរបស់ Ronaldo Nazario (Ronaldo ប្រេស៊ីល​) អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​ឈ្មោះ​របស់​ប្រេស៊ីល​ និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្លឹប​ Real Valladolid ដែល​ស្ថិត​នៅ​ឯ​កោះ​ Ibiza ប្រទេស​អេស្ប៉ាញ​នៅ​កាល​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​។

Marco Verratti នឹង Ronaldo Nazario
Marco Verratti នឹង Ronaldo Nazario

នៅ​ខណៈ​ពេល​នេះ​ខាង​ប៉ូលិស​តំបន់​ខាង​លើ​កំពុង​ធ្វើ​ស៊ើប​អង្កេត​ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​កាល​ពី​ម្សិលមិញ​។​

បើ​តាម​ប្រភព​ខាង​លើ​ ក្រុម​ចោរ​បាន​ចូល​ប្លន់​ផ្ទះ​ខាង​លើ​ នៅ​ពេល​ដែល​មិន​មែន​មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ ហើយ​គេ​ក៏​បាន​រក​អង្កេត​ឃើញ​ផង​​ក្រុម​មិន​បាន​បន្សល់​ស្លាកស្នាម​ដូច​ជា​កម្ទេច​ទ្វារ​នានា​ដើម្បី​ទម្លុះ​ចូល​ទៅ​កាន់​ផ្ទះ​ខាង​លើ​ដែរ​។

ទ្រព្យ​សម្បត្តិ​ដូច​ជា​គ្រឿងអលង្ការ​ និង​សាច់​លុយ​សុទ្ធ​ដែល​ Verratti បាន​បាត់បង់​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ មិន​ដឹង​ច្បាស់​ថា​បាត់​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ឡើយ​ដោយ​ទិន្នន័យ​ប៉ាន់​ស្មាន​គិត​ជា​ទឹក​ប្រាក់​គឺ​ប្រមាណ​ ៣.២លាន​ដុល្លារ​អាមេរិក​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​នៅ​ពេល​នេះ​ Verratti កំពុង​សម្រាក​លំហែ​កាយ​ដើម្បី​ត្រៀម​ត្រលប់​ទៅ​ហ្វឹកហាត់​ត្រៀម​រដូវកាល​ថ្មី​នៅ​ខែ​ក្រោយ​។ កីឡាករ​នេះ​ក៏​បាន​សម្រាក​ម្ដង​ទៀត​ផង​ដែរ​នៅ​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ​ ឆ្នាំ​២០២២ខាង​មុខ​ ដោយ​តែ​ក្រុម​អ៊ីតាលី​ មិន​បាន​ទៅ​លេង​ World Cup 2022 នៅ​ប្រទេស​កាតា​ឡើយ​៕