Wayne Rooney អាចនឹងចូលដឹកនាំក្លឹប Everton ជំនួសលោក Rafael Benitez
អ្នកចាត់ការ Rafael Benitez ត្រូវបានក្លឹប Everton បណ្ដេញចេញពីតំណែងហើយ ក្រោយដឹកនាំបានត្រឹមពាក់កណ្ដាលរដូវកាល ២០២១-២២។

ការសម្រេចចិត្តបញ្ចប់តួនាទីរបស់លោក Benitez ក្រោយពេល Everton លេងចាញ់ Norwich កាលពីថ្ងៃសៅរ៍ ហើយពេលនេះក្លឹបកំពុងស្វែងរកអ្នកចាត់ការថ្មី។ Everton បច្ចុប្បន្នកំពុងស្ថិតនៅលេខ ១៦ក្នុងតារាងពិន្ទុ ទើបតែមាន ១៩ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Benitez។
Wayne Rooney កំពុងត្រូវបានចាប់អារម្មណ៍ពី Everton ដើម្បីមកជំនួសកន្លែងលោក Benitez។ សព្វថ្ងៃជាអ្នកចាត់ការក្នុងក្លឹប Derby County លោក Rooney ទទួលបានការកោតសរសើរជាច្រើនពីការងារដែលបានសម្រេចក្នុងរដូវកាលនេះ។ Rooney ធ្លាប់ចូលរួមលេងឲ្យ Everton ចំនួន ២ដងកាលនៅជាកីឡាករ។
លោក Roberto Martinez ដែលជាបេក្ខភាពម្នាក់ទៀតកំពុងត្រូវបាន Everton ពិចារណាយកត្រឡប់មកវិញ។ Martinez ធ្លាប់មានបទពិសោធន៍ដឹកនាំ Everton ពីឆ្នាំ ២០១៣ដល់ ២០១៦។ បច្ចុប្បន្នលោកកំពុងតែធ្វើជាគ្រូរបស់ជម្រើសជាតិបែលហ្ស៊ិក ហើយប្រសិនបើ Everton ចង់បានលោកមកវិញត្រូវចំណាយទិញផ្ដាច់កុងត្រា ២លានផោន៕