ក្លឹប West Ham បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​អ្នក​ចាំ​ទី Alphonse Areola ពី​ក្លឹប Paris St-Germain ជា​​ផ្លូវការ ខណៈ​ពួក​គេ​​កំពុង​ដាក់​សំណើ​ត្រៀម​យក Jesse Lingard ម្នាក់​ទៀត។

Alphonse Areola
Alphonse Areola

​Areola វ័យ​២៩​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ បន្ទាប់​ពី​ចំណាយ​ពេល​មួយ​រដូវ​កាល​ខ្ចី​ជើង​​រួមរស់​ជាមួយ West Ham កាល​ពី​រដូវ​កាល​មុន។ គេ​គឺ​ជា​​កីឡាករ​​ទី​២​ដែល West Ham នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់​ខ្សែ​ការពារ​សញ្ជាតិ​ម៉ារ៉ុក Nayef Aguerd ពី​ក្លឹប Rennes។

ក្រុម​រហស្សនាម​ញញួរ​ធំ​ដែល​បាន​ទិញ Aguerd ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន មិន​បាន​បង្ហាញ​ពី​​តម្លៃ​ផ្ទេរ​របស់ Areola ឡើយ ប៉ុន្តែ​​​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ប្រភព​ផ្សេង​ៗ​​គឺ​រង្វង់​១០,៥​លាន​ផោន។រដូវ​កាល​មុន Areola សញ្ជាតិ​បារាំង​បាន​បង្ហាញ​ខ្លួន​ឲ្យ West Ham ១៨​ប្រកួត​នៅ​៤​កម្មវិធី​ផ្សេង​គ្នា​មាន​ដូច​ជា Premier League, Europa League, FA Cup និង League Cup។

ងាក​ទៅ​មើល​ខ្សែ​បម្រើ​ប្រយុទ្ធ Lingard នឹង​ក្លាយ​ជា​កីឡាករ​ទំនេរ​​នៅ​ថ្ងៃ​ទី ១ ខែ កក្កដា​ខាង​មុខ ពេល​ដែល​កុងត្រា​របស់​គេ​អស់​ជាមួយ United។ West Ham សង្ឃឹម​អាច​ចរចា​យក​បាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៩​ឆ្នាំ​ បន្ទាប់​ពី​ធ្លាប់​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​២០២០-២១៕