Xavi គ្រូបង្វឹករបស់ Barcelona និយាយថាលោកនឹងស្វាគមន៍ Lionel Messi ជានិច្ច
លោក Xavi Hernandez គ្រូបង្វឹករបស់ Barcelona បានមានប្រសាសន៍ថា លោកនឹងស្វាគមន៍ Lionel Messi ជានិច្ចក្នុងការត្រឡប់មកកាន់ទឹកដី Camp Nou វិញ។

ជាការពិតណាស់ នៅរដូវកាលនេះ Messi បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពេលគាត់បានចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីក្រុមអ្នកមានបុណ្យមិនអាចបន្តកុងត្រាថ្មីជូនគាត់បាន ដោយសារតែបញ្ហាហិរញ្ញវត្ថុ។
យ៉ាងណាមិញការប្រកបអាជីពនៅទឹកដីបារាំងខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជាក់ស្តែងថ្មីៗនេះគាត់ក៏ទទួលបានពាក្យរិះគន់ច្រើនពីសំណាក់អ្នកគាទ្រផងដែរ បន្ទាប់ពី PSG ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Real Madrid។
នៅក្នុងសន្និសីទកាសែតមុនជំនួប El Clasico យប់នេះលោក Xavi ត្រូវបានគេសួរថា តើលោកនឹងស្វាគមន៍ឬទេ ប្រសិនបើ Messi ត្រឡប់មកទឹកដី Camp Nou វិញ?
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ “គាត់គឺជាកីឡាករដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រក្លិបហើយគាត់នឹងត្រូវបានគេស្វាគមន៍ជានិច្ចក្នុង ការត្រឡប់មក Barcelona វិញ។ ក្នុងនាមខ្ញុំជាគ្រូបង្វឹកវាគឺមិនមានបញ្ហាអ្វីទេ
ប្រសិនបើគាត់ចង់មកទីនេះជារៀងរាល់ថ្ងៃ។ ខ្ញុំគិតថា ពួកយើងបានជំពាក់គាត់ច្រើនណាស់”៕