Xavi អ្នក​ចាត់​ការ​របស់ Barcelona សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុម​របស់​លោក​នឹង​អាច​រក​បាន​ជ័យជម្នះ​ពេល​ប៉ះ Bayern Munich នៅ​ណាត់​ប្រកួត​ចុងក្រោយ Champions League។

Xavi
Xavi

Barca រក​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រកួត​ទី​ 5 ​វគ្គ​សន្សំ​ពិន្ទុ UCL ក្រោយ​ប្រកួត​ស្មើ​គ្នា 0 ទល់នឹង 0 ជាមួយ Benfica។ នៅ​ប្រកួត​ចុងក្រោយ​ក្រុម​​ខ្លាំង​មក​ពី​អេស្ប៉ាញ​មួយ​នេះ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​កំពូល​តារាង Bayern និង​ទាមទារ​ឈ្នះ​ដាច់​ខាត​ដើម្បី​ធានា​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ Benfica លោក Xavi បាន​និយាយ​ថា វា​គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ តែ​ប្រសិន​បើ​រក​បាន​តែ​មួយ​គ្រាប់​វា​កាន់​តែ​ល្អ​ថែមទៀត។ Barca នៅ​សល់​មួយ​ប្រកួត​ទៀត ហើយ​​ត្រូវ​តែ​ឈ្នះ​។ “ពួក​យើង​គឺ​ជា Barca ហើយ​ពួក​យើង​នឹង​​ឈ្នះ​នៅ​ទីក្រុង Munich និង​គ្រប់​ទីកន្លែង”។ សម្ដី Xavi។

កាល​ពី​ប្រកួត​ជើង​​ទី​មួយ​​ក្នុង​ទឹក​ដី Camp Nou ក្លឹប Barcelona បាន​ចាញ់ Bayern ដល់​ទី​ 3 ទល់នឹង 1។ បច្ចុប្បន្ន​ពួក​គេ​កំពុង​នៅ​លេខ​២​ក្នុង​ពូល គម្លាត​ពី​ក្រុម​លេខ​៣ Benfica តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ៕