Xavi មិនរំពឹង Barca ខ្លាំងដល់ថ្នាក់យកឈ្នះ ៤-០ ក្នុងប្រកួត El Clasico នោះទេ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្រោយឈ្នះក្លឹប Real Madrid នៅទីលាន Santiago Bernabeu យប់មិញនេះថា លោកមិនរំពឹងក្រុមរបស់លោកធ្វើបានល្អខ្លាំង រហូតដល់ថ្នាក់យកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០ បែបនេះនោះទេ។

លោក Xavi បាននិយាយថា៖” យើងខិតខំខ្លាំងណាស់ រហូតដល់ក្រុមរបស់យើងទទួលបានលទ្ធផលបែបនេះ។ ប៉ុន្តែយើងមិនរំពឹងថាយើងធ្វើបានល្អខ្លាំងរហូតទទួលបានលទ្ធផលបែបនេះក្នុងទីលានរបស់ពួកគេនោះទេ “។
លោកបានបន្តថា៖” យ៉ាងណាយើងរំពឹងនឹងជួបការប្រកួតប្រជែងបែបតឹងតែងខ្លាំងទៀត។ ខ្ញុំសប្បាយចិត្តមែនទែននឹងលទ្ធផល និងការប្រកួតអស់ទាំងនេះ “។
នៅក្នុងរដូវកាលនេះ Barca បានប៉ះនឹង Real Madrid ចំនួន ៣ដងហើយ ដោយចាញ់២ដង និងឈ្នះ១ដងក្នុងយប់មិញនេះ។ នៅក្នុងពេលថ្មីៗនេះ Barca ត្រូវបានសង្កេតឃើញថាឡើងទម្រង់លេងខ្លាំង ដោយនៅខណៈនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មាន ៥៤ពិន្ទុ ក្នុងការប្រកួត La Liga រីឯ Real Madrid ជាក្រុមនាំមុខមាន ៦៦ពិន្ទុ៕