ខ្សែ​ប្រយុទ្ធ​មាឌ​ធំ Adama Traore ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ហើយ​ឱ្យ​ក្រុម FC Barcelona ​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​ឈ្នះ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ៤ ទល់នឹង ២ ​ក្របខណ្ឌ La Liga ។

Xavi Hernandez
Xavi Hernandez

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Xavi ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​កីឡាករ​ចំណូល​ថ្មី ជា​ពិសេស Traore ​តែ​ម្ដង។ ​អតីត​កីឡាករ Wolves ​រូប​នេះ ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់ ​និង​មិន​ងាយ​ដៃ​គូ​ប្រជែង​បាល់​បាន​ទេ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​សប្បាយ​ចិត្ត​ជាមួយ​វត្តមាន​របស់​គេ​ខ្លាំង​ណាស់។ ដោយ​សូម្បី​លោក Xavi ​ក៏​លាន់​មាត់​សរសើរ​ផង​ដែរ។

​ក្រោយ​ចប់​ការ​ប្រកួត Xavi ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​៖ “Traore ​មាន​ភាព​ចាស់​ទុំ​ច្រើន។ រាងកាយ​របស់​គាត់​គឺ​ជា​បិសាច។ គាត់​ជា​ស្ដង់ដារ​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប ​ហើយ​នឹង​ជួយ​ក្រុម​បាន​ច្រើន​នា​ពេល​ខាង​មុខ។ គាត់​បាន​បង្ហាញ​ខ្លួន​ល្អ ​គាត់​ដឹង​ពី​របៀប​បង្កើត​ឱ្យ​មាន​ភាព​ខុស​គ្នា ជាមួយ​កម្លាំង​របស់​គាត់ ញាក់ ​និង​ចុះ​មក​ជួយ​ការពារ។ មិន​អាច​យក​ឈ្នះ​គាត់​បាន​ទេ ប្រសិន​បើ​មួយ​ទល់​នឹង​មួយ”៕