Zidane ចាកចេញពី Real Madrid គឺព្រោះតែរឿងកីឡាករ
លោក Zinedine Zidane បានលាលែងពីតំណែងគ្រូបង្វឹកនៅឯក្លឹប Real Madrid ក្រោយពីមានជម្លោះមួយជុំវិញការផ្ទេរខ្សែបម្រើប្រយុទ្ធ Eden Hazard និងអ្នកចាំទី David De Gea។

នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ The Sun។ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅមុនពេលលោក Zidane បានប្រកាសពីការលាលែងពីតំណែងរបស់លោកក្នុងសន្និសីទសារព័ត៌មានមួយ ប្រភពជាច្រើនបានបញ្ជាក់ថា គ្រូបង្វឹករូបនេះ និងលោក Florentino Perez ប្រធានក្លឹប Real បានប៉ះទង្គិចពាក្យសម្តីគ្នាជុំវិញផែនការនៃការដោះដូរ កីឡាករនារដូវក្តៅ។
Zidane បានប្រាប់ Perez ថា គេចង់ទិញ Hazard ពី Chelsea ប៉ុន្តែប្រធានក្លឹបថា មិនឱ្យទិញទេ។ ហើយ Perez ក៏បានប្រាប់ទៅកាន់ Zidane ថា លោកចង់នាំអ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea ពីក្លឹប Manchester United មកទឹកដីអេស្ប៉ាញ។ តែ Zidane បដិសេធព្រោះតែបច្ចុប្បន្នលោកមាន Keylor Navas ដែលស្ថិតក្នុងជម្រើសទៅហើយ។
យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសអេស្ប៉ាញបានឱ្យដឹងថា គ្រូបង្វឹកសញ្ជាតិបារាំងរូបនោះបានខ្វែងគំនិតគ្នាជាមួយប្រធានក្លិប លោក Perez ជាយូរណាស់មកហើយ អំពីរឿងទិញលក់កីឡាករ ហើយរហូតមកដល់រដូវកាលនេះ ជម្លោះកាន់តែរីកដុះដាលធំឡើងទើបជាហេតុឲ្យលោកសម្រេចចិត្តចុះចេញពីដំណែង ៕
ប្រភពពី៖ The Sun