ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​បាន​បាត់​ឱកាស​ទៅ​លេង​ប្រកួត​ World Cup 2022 នៅ​ឯ​ប្រទេស​កាតា​ ក្រោយ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​បាន​ទម្លាក់​ដោយ​យក​ជ័យជំនះ​ក្នុង​លទ្ធផល​ ២-០ នៅ​ក្នុង​ថ្ងៃ​នេះ​ក្នុង​វគ្គ​ជម្រុះ​ Play-off ។

Zlatan Ibrahimovic
Zlatan Ibrahimovic

ទោះ​ជា​​មិន​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​ប៉ុន្តែ​ ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​ឆ្លើយ​តប​ក្នុង​លក្ខណៈ​វិជ្ជមាន​ទៅ​សារព័ត៌មាន​ Metro ដែល​បាន​សួរ​គេ​ក្រោយ​ប្រកួត​ចាញ់​ហើយ​ថា​ គេ​នឹង​បន្ត​លេង​​ឲ្យ​ក្រុមជម្រើសជាតិ​ស៊ុយអែត​ទៀត​ឬ​យ៉ាង​ណា​។

Zlatan បាន​ឆ្លើយ​ថា​៖” ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​បន្ត​លេង​ឲ្យ​​ទៀត​។ ឲ្យ​តែ​ខ្ញុំ​នៅ​មាន​សុខភាព​អាច​លេង​កើត​ ខ្ញុំ​នឹង​នៅ​តែ​បន្ត​លេង​ និង​បន្ត​ជួយ​ក្រុម​នេះ​ទៀត​ “។

គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ លោក​ Janne Andersson ក៏​​ស្វាគមន៍​ Zlatan ផង​ដែរ​ថា​ ឲ្យ​តែ​គេ​នៅ​ចង់​បន្ត​ និង​មាន​សុខភាព​ទៅ​រួច​ គេ​នឹង​នៅ​តែ​អាច​ជួយ​ក្រុម​លោក​អញ្ចឹង​។

នៅ​ខែ​តុលា ឆ្នាំ​២០២២ខាង​មុខ​ Zlatan នឹងមាន​វ័យ​ ៤១ឆ្នាំ​ហើយ​ ដោយ​កីឡាករ​នេះ​បាន​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០១ មក​ដោយ​ចូល​លេង​បាន​ ១២១ប្រកួត​ និង​រក​បាន​៦២គ្រាប់​។ Zlatan ធ្លាប់​បង្ហាញ​ខ្លួន​នៅ World Cup លើក​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០០៦៕